តុលាការជាន់ខ្ពស់កូរ៉េខាងជើងបានដាក់ទោសនិស្សិតអាមេរិកម្នាក់ ឲ្យធ្វើពលកម្មធ្ងន់ធ្ងរនៅក្នុងគុករយៈពេល១៥ឆ្នាំ ដោយចោទប្រកាន់ថា ប៉ុនប៉ងលួចក្រដាសឃោសនាចេញពីសណ្ឋាគារមួយក្នុងទីក្រុងព្យុយ៉ាង។ នេះគឺជាការដាក់ទោសដ៏ធ្ងន់ធ្ងរពីសំណាក់កូរ៉េខាងជើងលើនិស្សិតរួបនេះ បើទោះជារូបគេធ្លាប់សុំការលើកលែងក៏ដោយ។ និស្សិតជនជាតិអាមេរិកឈ្មោះ Otto Warmbier នឹងត្រូវធ្វើពលកម្មធ្ងន់ធ្ងររយៈពេលដល់ទៅ១៥ឆ្នាំបន្ទាប់ពីតុលាការកំពូលកូរ៉េខាងជើងកាត់ទោសរូបគេពីបទវិទ្ធង្សនាប្រឆាំងនឹងរបបកូរ៉េខាងជើង។ នេះក៏ដោយសាររូបគេ ត្រួវបានចោទថា លួចក្រដាសឃោសនាចេញពីតំបន់ហាមឃាត់ក្នុងសណ្ឋាគារដែលរូបគេស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង។ ការកាត់ក្ដីរបស់និស្សិតរូបនេះ ធ្វើនៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនានេះ ដោយបានប្រើពេលមួយម៉ោង។ Otto Warmbier ដែលជានិស្សិតមកពីសកលវិទ្យាល័យ Virginia ត្រូវបានចាប់ខ្លួនកាលពីដើមខែមករា នៅពេលដែលរូបគេព្យាយាមចាកចេញពីកូរ៉េខាងជើងបន្ទាប់ដើរលេងនៅព្យុងយ៉ាងជាមួយក្រុមទេសចរមួយក្រុម។ ក្នុងសេចក្ដីថ្លែងការនៅមុនតុលាការ និស្សិត Otto Warmbier បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបគេចង់បានក្រដាសឃោសនា ជាកាដូសម្រាប់ម្ដាយមិត្តភក្ដិរបស់គេ។ នេះជាមិនមែនជាលើកទីមួយទេ ដែលរបបផ្ដាច់ការកូរ៉េខាងជើងដាក់ទោសធ្ងន់ធ្ងរបែបនេះ លើជនបរទេស។ កន្លងមកជនបរទេសមិនតិចទេ ដែលត្រូវតុលាការកូរ៉េខាងជើងដាក់ទោស ជាពិសេសទោសប្រឆាំងឬប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង។ កាលពីឆ្នាំ២០១៥ លោក Hyeon Soo Lim ជាអាចារ្យជនជាតិកាណាដា មានដើមកំណើតកូរ៉េខាងត្បូងត្រូវបានតុលាការកូរ៉េខាងជើងសម្រេចផ្ដន្ទាទោសជាប់គុកអស់មួយជីវិតក្រោមបទចោទប៉ុនប៉ងផ្ដួលរំលំរបបកុំមុយនីស្តកូរ៉េខាងជើង។ បើតាម Al Jazeera រដ្ឋាភិបាលក្រុងព្យុងយ៉ាងតែងតែចោទប្រកាន់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូលថា បានបញ្ជូនចារកម្មមកធ្វើសកម្មភាពផ្ដួលរំលំរបបខ្លួន ដើម្បីឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលគ្រប់គ្រងឧបទ្វីបកូរ៉េទាំងមូល។ លើសពីនេះទៅទៀត ការកាត់ទោសនេះ គឺចំពេលដែលស្ថានការនៅឧបទ្វីបកូរ៉េកំពុងតែគ្រោះថា្នក់ ដោយសារការឆ្លើយឆ្លងរវាងកូរ៉េខាងជើង និងអាមេរិកនិងកូរ៉េខាងត្បូង។ អាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធារួមគ្នា ហើយកូរ៉េខាងជើងបានប្រកាសសងសឹកលើសមយុទ្ធនេះ និងថែមទាំងប្រកាសសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ៕
ប្រភព៖ ថ្មីថ្មី
0 comments :
Post a Comment