សិង្ហបុរី៖ ភោជនីយដ្ឋានអាហារសមុទ្រថ្មីមួយ នៅឧទ្យាន ឆ្នេរភាគខាងកើត ត្រូវបានគេជឿថា វាគឺជាលើកដំបូងនៅទីនោះ ដែលបានប្រើប្រាស់មនុស្សយន្ត ធ្វើជាអ្នកបម្រើ ដើម្បីបម្រើសេវាកម្ម ម្ហូបអាហារ ដល់អតិថិជន។
បើយោងតាមគេហទំព័រ Lianhe Zaobao កាសែតចិនបានរាយការណ៍កាលពីម្សិលមិញថា ភោជនីយដ្ឋានអាហារសមុទ្រ រ៉ុង ហេង (Rong Heng Seafood Restaurant) បានបើកដំណើរការ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដោយប្រើប្រាស់មនុស្សយន្ត ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មមួយចំនួនរបស់ខ្លួន។
ភោជនីយដ្ឋាននេះសង្ឃឹមថានឹងរក្សាបាន មួយភាគបី លើតម្រូវការកម្លាំងពលកម្ម តាមរយៈការផ្តួចផ្តើមគំនិត លើគម្រោងនេះ។ លោក Zhang Zhinong ដែលជាម្ចាស់ភោជនីយដ្ឋាននេះបានប្រាប់ Zaobao កាលពីថ្ងៃសៅរ៍ថា “វាពិតជាពិបាកណាស់ក្នុងការជួលមនុស្សមកធ្វើជាអ្នកបម្រើ” ។
មកទល់ពេលនេះ ហាងនេះត្រូវការអ្នកបម្រើ ១៥នាក់ ប៉ុន្តែទើបតែរកបាន ៦នាក់តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងមនុស្សយន្តរត់តុទាំងបី គឺតម្រូវឲ្យធ្វើការយ៉ាងច្រើនបួនមុខ។ នេះជាលើកដំបូងហើយដែលបុរសវ័យ ៣៩ឆ្នាំរូបនេះ បានទទួលយកគំនិតនេះ នៅពេលគាត់បានឃើញមនុស្សយន្តបម្រើម្ហូបអាហារ នៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុង Kunshan នៅទីក្រុង សៀងហៃ កាលពីចុងឆ្នាំ ២០១៤ រួចមក។
លោក Zhang បានបន្តថា “វាមិនមែនជាបញ្ហាធ្ងន់ធ្ងរចំពោះវាឡើយ ព្រោះមនុស្សមិនចេះខឹងទេ” ។ “ពេលខ្លះបញ្ហាអាចនឹងកើតឡើងរវាងអ្នកបម្រើនឹងអតិថិជន។ សម្រាប់មនុស្សយន្តវិញ គឺមិនត្រូវការប្រាក់ខែ ប្រាក់រង្វាន់ ឬប្រាក់សុខុមាលភាពឡើយ។ ពួកវាអាចធ្វើការ ២៤ម៉ោងពេញមួយសប្តាហ៍ នឹងមិនត្រូវការឈប់សម្រាកប្រចាំឆ្នាំ ឬឈឺ ហើយឈប់ធ្វើការដូចមនុស្សឡើយ។ ចូលឆ្នាំថ្មីប្រពៃណីចិនខិត ជិតមកដល់ខាងមុខនេះ ពួកវានឹងមិនមានបញ្ហាជាមួយនឹងការធ្វើការបន្ថែមម៉ោងឡើយ”។ លោក Zhang បន្ថែមទៀតថា មានអតិថិជនជាច្រើន ដែលចង់ដឹងចង់ឃើញ និងប៉ះមនុស្សយន្តនេះ ប៉ុន្តែជាលទ្ធផលមកវាគ្មានការខូចខាតណាមួយឡើយមកទល់ពេលនេះ។
គួរបញ្ជាក់ផងដែរថា មនុស្សយន្តប្រើថ្មនេះ ត្រូវបានផលិតដោយក្រុមហ៊ុនចិនមួយ ហើយសំបកខាងក្រៅរបស់វាត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនតែម្តង។ ចំណែកឯសមាសភាព និងឧបករណ៍ចាប់សញ្ញារបស់វា ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន ដែលមនុស្សយន្តនីមួយៗមានតម្លៃជាង ១៤,០០០ដុល្លារអាមេរិក។ លោក Zhang មានគម្រោងដើម្បី បន្ថែមមនុស្សយន្តបន្ថែមទៀត ជាមួយនឹងមុខងារផ្សេងៗគ្នាដូចជា មុខងារ កុម្ម៉ង់ទិញ និងមុខងារស្វាគមន៍ អតិថិជនមកភោជនីយដ្ឋានរបស់គាត់។
បច្ចុប្បន្នមនុស្សយន្តនេះនិយាយបានតែភាសាចិនកុកងឺតែប៉ុណ្ណោះ ប៉ុន្តែគាត់នឹងសម្លឹងមើលបន្ថែមពីរបៀបធ្វើ ឲ្យមនុស្សយន្តចេះនិយាយ ភាសាអង់គ្លេសបន្ថែមទៀត ៕
ប្រភព៖ Khmerload
ប្រភព៖ Khmerload
0 comments :
Post a Comment