មនុស្សមានឥទ្ធិពល ជាមនុស្សដែលនិយាយចេញមក មានគេធ្វើតាម គោរពតាម និងជឿទុកចិត្ត។ ប៉ុន្តែដើម្បីក្លាយជាបុគ្គលបែបនេះ មិនងាយស្រួលនោះទេសម្រាប់គ្រប់គ្នា សាកល្បងពង្រឹងជំនាញខាងក្រោមនេះ អាចជួយឲ្យការនិយាយរបស់អ្នកមានគេស្ដាប់ និងជឿជាក់បាន៖
១. បង្កើនជំនាញសម្រេចចិត្ត
ការសម្រេចចិត្តធ្វើអ្វីមួយ អាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលទាមទារឲ្យអ្នកគិតបានរហ័ស និងត្រឹមត្រូវ។ ដើម្បីសម្រេចចិត្តត្រូវ អ្នកត្រូវអង្កេតមើលព្រឹត្តិការណ៍ជុំវិញខ្លួនកំពុងកើតឡើងឲ្យបានគ្រប់ជ្រុងជ្រោយ និងវិភាគឲ្យបានល្អិតល្អន់។ ជាពិសេសទៅទៀត ត្រូវអានសៀវភៅរបស់មេដឹកនាំ និងបុគ្គលជោគជ័យនានា ដើម្បីបានជាគំនិតបន្ថែម។
២. រៀនបង្កើតកិច្ចពិភាក្សាដេញដោល
ជំនាញនេះ ពិតជាមានប្រយោជន៍ និងតែងតែជួបញឹកញាប់ ពិសេសក្នុងពេលធ្វើបទបង្ហាញ សួរឆ្លើយ និងការពិភាក្សាជាច្រើនទៀត។ ការបង្កើតការដេញដោលនេះ មានន័យថាអ្នកត្រូវរកហេតុផលជាក់ស្ដែង ដើម្បីការពារខ្លួនពីដៃគូ។ មួយវិញទៀត ជាការរៀនសម្របខ្លួនក្នុងស្ថានភាពដ៏តឹងតែងជាមេរៀនមួយថ្មីមួយ ដែលកម្រជួបប្រទះពីមុន។
៣. ដើរតួជាអ្នកនិទានរឿង
ការដើរតួជាអ្នកនិយាយរឿងប្រាប់អ្នកដៃ ជារឿងមួយដែលអ្នកស្ដាប់ចាត់ទុកអ្នកជាមនុស្សចេះដឹងច្រើន និងមានតម្លៃចំពោះគេ។ ប៉ុន្តែការនិយាយរបស់អ្នកត្រូវមានលក្ខណៈជំរុញលើកទឹកចិត្ត បង្រៀនអប់រំ ជួយកាត់បន្ថយភាពតានតឹង និងផ្លាស់ប្ដូរការគិតដល់អ្នកដទៃ។ ការនិទានប្រាប់ គឺជាកម្លាំងដ៏សំខាន់មួយ និងតែងតែមានឥទ្ធិពលជាងការនិយាយផ្ទាល់ៗ ឬការស្រង់សម្ដី។
៤. ពង្រឹងជំនាញនិយាយ
នៅពេលយើងនិយាយសំដៅទៅលើមនុស្សមានឥទ្ធិពល យើងតែងតែគិតថាពួកគាត់ពូកែនិយាយ មានរឿងមិនចេះអស់ និយាយមានទំនុកចិត្ត មិនរអាក់រអួល។ អ្នកមិនត្រូវអៀនខ្មាសក្នុងការនិយាយស្ដី សួររកហេតុផលច្បាស់លាស់ទៅកាន់នរណាម្នាក់លើបញ្ហាណាមួយឡើយ។ បើអ្នកមិនមានទម្លាប់និយាយយូរ អាចសាកល្បងខ្លួនឯងនៅផ្ទះ ដោយនិយាយដដែលៗ រហូតឈប់ទាក់ ឈប់ភ័យ ថ្ងៃណាមួយអ្នកនឹងដូចបុគ្គលខាងលើ។
៥. យល់ច្បាស់ពីព្រឹត្តិការណ៍បច្ចុប្បន្ន ការនិយាយ ឬការសន្ទនា បានទៅរលូនល្អ ចាំបាច់បំផុតអ្នកត្រូវដឹងព្រឹត្តិការណ៍ ឬរឿងរ៉ាវ ប្រធានបទឲ្យបានច្បាស់លាស់ និងការវិវត្តរបស់វា។ បុគ្គលល្បីៗ ដូចជាអ្នកនយោបាយ អ្នកនិយាយសាធារណៈ ឬអ្នកជំនួញ តែងតែ តាមដានព្រឹត្តិការណ៍សង្គមតាមរយៈការអានការសែត ស្ដាប់វិទ្យុ ឬមើលទូរទស្សន៍ជាដើម។
៦. យល់ពីបច្ចេកវិទ្យាទំនាក់ទំនង
ចំណេះដឹងបច្ចេកវិទ្យាដូចបណ្ដាញសង្គម និងប្លុកនានា ជាអ្វីដែលត្រូវចេះក្នុងសតវត្សទី ២១នេះ ព្រោះការនិយាយពាក្យបច្ចេកទេសមានច្រើន និងពេញនិយម ដែលមនុស្សចាស់ជំនាន់មុនពុំធ្លាប់ឮ ។ សម្រាប់អ្នកជំនួញវិញ រឹតតែសំខាន់បំផុតក្នុងការស្វែងរកអតិថិជនជុំវិញពិភពលោក តាមប្រព័ន្ធអ៊ីនធឺណិត បណ្ដាញសង្គម ព្រោះងាយស្រួលចំណេញពេលវេលា៕
ប្រភព៖ Entrepreneur
0 comments :
Post a Comment